Revelation of John 3

1«ចូរ​សរសេរ​ទៅ​ទេវតារបស់ក្រុមជំនុំនៅ​ក្រុង​សើដេសថា​ព្រះអង្គ​ដែលមាន​ព្រះ​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់និង​មាន​ផ្កាយ​ទាំង​ប្រាំពីរមានបន្ទូល​ដូច្នេះ​ថា​យើង​ស្គាល់ការប្រព្រឹត្ដិ​របស់​អ្នក​ហើយ​អ្នក​ឈ្មោះថារស់ប៉ុន្ដែ​អ្នក​ស្លាប់​ទេ។ 2ចូរប្រុងស្មារតីហើយពង្រឹងអ្វីៗនៅសល់ដែលបម្រុងនឹងស្លាប់​នោះ​ដ្បិត​យើង​បាន​ឃើញថាការប្រព្រឹត្ដិ​របស់​អ្នកមិនបានគ្រប់លក្ខណ៍នៅ​ចំពោះ​មុខព្រះជាម្ចាស់​របស់​យើងឡើយ 3ដូច្នេះចូរ​នឹកចាំថា​អ្នក​បាន​ទទួលនិង​បាន​ជាយ៉ាងណា​នោះ​ចូរ​កាន់តាមហើយប្រែចិត្ដ​ចុះ​បើ​អ្នក​មិនប្រុងស្មារតីទេ​នោះ​យើង​នឹង​មក​ឯ​អ្នក​ដូចជាចោរហើយ​អ្នក​មិនដឹងថា​យើង​នឹង​មកអ្នក​នៅ​ពេលណាឡើយ 4ប៉ុន្ដែនៅ​ក្រុង​សើដេស​ក៏​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​មិន​បាន​ធ្វើ​ឲ្យ​សម្លៀកបំពាក់​របស់​ពួកគេស្មោកគ្រោកទេ​អ្នក​ទាំងនោះ​នឹង​ដើរជាមួយយើង​ទាំង​ស្លៀកពាក់ពណ៌សដ្បិត​ពួកគេ​ស័ក្ដិសម​ណាស់។ 5អ្នកណាមានជ័យជម្នះ​អ្នកនោះ​នឹង​បាន​ស្លៀកពាក់ពណ៌សដូច្នោះ​ដែរ​យើង​នឹង​មិន​លប់​ឈ្មោះ​របស់​អ្នកនោះចេញពីបញ្ជីជីវិតឡើយ​យើង​នឹង​ទទួលស្គាល់ឈ្មោះ​របស់​អ្នកនោះនៅ​ចំពោះ​មុខ​ព្រះ​វរ​បិតា​របស់​យើងនិងនៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះអង្គ​ដែរ។ 6អ្នកណាមានត្រចៀក​ចូរ​ស្ដាប់សេចក្ដីដែល​ព្រះ​វិញ្ញាណមានបន្ទូល​មក​កាន់​ក្រុមជំនុំទាំងនោះចុះ»។ 7«ចូរ​សរសេរទៅទេវតារបស់ក្រុមជំនុំនៅ​ក្រុង​ភីឡាដិលភាថាព្រះអង្គ​ដ៏​បរិសុទ្ធព្រះអង្គ​ដ៏​ពិត​ព្រះអង្គ​ដែលមានកូនសោ​របស់​ស្ដេច​ដាវីឌ​បើ​ព្រះអង្គ​បើកគ្មានអ្នកណាបិទបានហើយ​បើ​ព្រះអង្គ​បិទ​ក៏​គ្មានអ្នកណាបើកបានមានបន្ទូល​ដូច្នេះ​ថា 8យើងស្គាល់ការប្រព្រឹត្ដិ​​របស់​អ្នក​ហើយ​មើល៍​យើង​បាន​បើកទ្វារចំហនៅពីមុខអ្នកដែលគ្មាន​អ្នកណា​អាចបិទបានឡើយ។ ​អ្នក​មានកម្លាំងបន្ដិចបន្ដួច​មែន​ប៉ុន្ដែ​អ្នក​បាន​កាន់តាមពាក្យ​របស់​យើងព្រមទាំងមិន​បាន​បដិសេធឈ្មោះ​របស់​យើងឡើយ 9មើល៍យើង​នឹង​ធ្វើឲ្យក្រុមជំនុំ​របស់​អារក្ស​សាតាំង​ជា​ពួក​អ្នក​ដែលហៅខ្លួនឯងថាជា​ជនជាតិ​យូដាប៉ុន្ដែមិនមែនឡើយ​ពួកគេ​ជា​ពួក​កុហក​គឺ​យើង​នឹង​ធ្វើឲ្យពួកគេមកក្រាប​នៅ​ទៀប​ជើង​របស់​អ្នកហើយ​ពួកគេ​នឹង​ដឹងថាយើងស្រលាញ់អ្នក​មែន។ 10ដោយព្រោះអ្នក​បាន​កាន់តាមពាក្យ​របស់​យើង​ដែល​ឲ្យ​ស៊ូទ្រាំ​នោះ​យើង​នឹង​រក្សាអ្នក​ឲ្យ​រួច​ផុតពីគ្រា​នៃ​សេចក្ដីវេទនាដែលបម្រុងនឹងមកលើពិភពលោកទាំងមូល​ដើម្បី​ល្បងល​ពួក​អ្នក​ដែលរស់នៅលើផែនដី 11យើងនឹង​មកយ៉ាងឆាប់​ចូរ​កាន់ខ្ជាប់​សេចក្ដី​ដែល​អ្នក​មាន​ចុះ​ដើម្បី​កុំ​ឲ្យ​អ្នកណា​យកមកុដ​របស់​អ្នក​បាន​ឡើយ។ 12អ្នកណាមានជ័យជម្នះ​យើង​នឹង​តាំងអ្នកនោះ​ឲ្យ​ធ្វើ​ជាសសរទ្រូងនៅក្នុង​ព្រះ​វិហារនៃព្រះ​របស់​យើង​ហើយ​អ្នក​នោះ​នឹង​មិនចេញពី​ព្រះ​វិហារ​នេះ​ទៀតឡើយ។ ​យើង​នឹង​សរសេរ​ព្រះ​នាមនៃព្រះ​របស់​យើងនិងឈ្មោះក្រុងនៃព្រះ​របស់​យើង​នៅ​លើអ្នកនោះ​ជា​ក្រុង​យេរូសាឡិមថ្មីដែលចុះមកពីស្ថានសួគ៌​គឺ​មកពីព្រះ​របស់​យើង​ហើយ​យើង​ក៏​នឹង​សរសេរ​ឈ្មោះថ្មី​របស់​យើង​នៅ​លើ​អ្នក​នោះ​ដែរ។ 13អ្នកណាមានត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណមានបន្ទូល​មក​កាន់​ក្រុមជំនុំទាំងនោះចុះ»។ 14«ចូរ​សរសេរទៅទេវតារបស់ក្រុមជំនុំនៅ​ក្រុង​ឡៅឌីសេថា​ព្រះអង្គ​ដ៏​ជា​អាម៉ែន​ជា​សាក្សីដ៏ស្មោះត្រង់និង​ដ៏​ពិត​ហើយ​ជា​ដើមកំណើតនៃអ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មកមានបន្ទូល​ដូច្នេះ​ថា 15យើងស្គាល់ការប្រព្រឹត្ដិ​​របស់​អ្នកហើយគឺអ្នកត្រជាក់មិន​ត្រជាក់​ក្ដៅមិន​ក្ដៅ​យើង​ចង់ឲ្យ​អ្នក​បើ​ត្រជាក់​គឺ​ត្រជាក់​បើ​ក្ដៅ​គឺ​ក្ដៅ។ 16ដោយព្រោះតែអ្នក​គ្រាន់តែ​ក្ដៅឧណ្ហៗត្រជាក់​មិន​ត្រជាក់​ក្ដៅមិន​ក្ដៅ​ដូច្នេះ​នោះ​យើង​នឹងខ្ជាក់អ្នកចេញពីមាត់​របស់​យើង​ហើយ 17ដ្បិតអ្នក​បាន​និយាយ​ថា​ខ្ញុំ​ជា​អ្នក​មាន​ខ្ញុំ​ស្ដុកស្ដម្ភ​ហើយ​ខ្ញុំ​មិន​ខ្វះ​អ្វី​ទេប៉ុន្ដែអ្នកមិនដឹងថា​ខ្លួនឯង​វេទនាគួរ​ឲ្យ​អាណិតក្រខ្វាក់ហើយ​នៅ​អាក្រាត​ឡើយ។ 18យើងឲ្យយោបល់អ្នកទិញមាសពីយើង​ជា​មាស​ដែល​បន្សុទ្ធដោយភ្លើងដើម្បីឲ្យ​អ្នក​ត្រឡប់ជា​អ្នក​មានហើយ​ទិញ​សម្លៀកបំពាក់ពណ៌ស​មក​ស្លៀកពាក់​ដើម្បី​កុំឲ្យ​គេ​ឃើញកេរ្ដិ៍ខ្មាស​ដែល​អ្នក​នៅអាក្រាត​នោះ​ឡើយព្រមទាំង​ទិញ​ថ្នាំដាក់ភ្នែក​ផង​ដើម្បីឲ្យ​អ្នក​មើលឃើញ 19យើងស្ដីបន្ទោស​ហើយ​វាយប្រដៅ​អ្នកណា​ដែល​យើងស្រលាញ់​ដូច្នេះ​ចូរ​មាន​ចិត្ដ​សង្វាតហើយប្រែចិត្ដ​ចុះ។ 20មើល៍យើង​ឈរនៅ​មាត់​ទ្វារទាំងគោះ​បើ​អ្នកណាសំឡេងយើង​ហើយ​បើកទ្វារ​ឲ្យ​នោះ​យើង​នឹង​ចូលទៅអ្នកនោះ​រួច​បរិភោគជាមួយអ្នកនោះហើយអ្នកនោះ​ក៏​បរិភោគ​ជាមួយយើង​ដែរ។ 21អ្នកណាមានជ័យជម្នះ​យើង​នឹង​ឲ្យអ្នកនោះអង្គុយ​ជាមួយ​យើងនៅលើបល្ល័ង្ក​របស់​យើង​ដូចដែលយើងមានជ័យជម្នះហើយ​បាន​អង្គុយជាមួយ​ព្រះ​វរ​បិតា​របស់​យើងនៅលើបល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។ 22អ្នកណាមានត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណមានបន្ទូល​មកកាន់​ក្រុមជំនុំទាំងនោះ​ចុះ»។
Copyright information for KhmKCB